Monday, December 4, 2017

ក្រុមអាជីវករ ចោទអាជ្ញាធរស្រុកបាទី ថាលក់ផ្សារចំបក់ ចែកលុយគ្នាចាយ


តាកែវៈ ក្រុមអាជីវករនៅផ្សារចំបក់ ស្រុកបាទី ចោទអាជ្ញាធរថា បានលក់ផ្សារទៅឲ្យក្រុមហ៊ុនឯកជនមួយ ហើយបណ្ដេញម្ចាស់តូបចេញអស់ ដោយប្រាប់ថា ត្រូវសង់ផ្សារថ្មី ហើយបើសិនចង់បានតូបវិញ នោះត្រូវបង់លុយទៅតាមភាពជាក់ស្ដែង។

ក្រុមអាជីវករបន្តថា វាអយុត្តិធម៌ពេកហើយ ដែលអាជ្ញាធរឃុបឃិតគ្នាជាមួយឈ្មួញ ប្រើវិធីគៀបយកលុយពួកគាត់ស្រស់ៗ ខណៈតូបពូកគាត់លក់សព្វថ្ងៃនៅខាងមុខ តែបើពេលសង់ថ្មីចឹង គាត់ត្រូវនៅក្នុងវិញ ហើយត្រូវទិញថែមទៀត ដូចជាមិនសម។

ពួកគាត់ថា មិនចង់ទៅណាទេ គឺសុំឲ្យតូបគាត់នៅលក់កន្លែងដដែល ហើយធ្វើផ្សារថ្មីខាងក្រោយតាមប្លង់ចុះ ពួកគាត់សុខចិត្តកាត់សំយាកតូប បើកមុខផ្លូវ និងចាក់បេតុងឲ្យបានស្អាតថែមទៀត ដោយសុំតែកុំឲ្យរុសរើតូបពួកគាត់។

ជុំវិញករណីនេះ លោក អ៊ុក រី អភិបាលស្រុកបាទី និយាយថា ការអភិវឌ្ឍនេះ គឺដើម្បីធ្វើឲ្យផ្សារមានសោភ័ណភាព និងចំប្លង់ត្រឹមត្រូវ ខណៈក្រុមអាជីវករសព្វថ្ងៃ មិនបានលក់ក្នុងផ្សារទេ ដោយសារផ្សារមានសភាពទ្រុឌទ្រោម ដោយនាំគ្មាមកសាងសង់តូបខុសច្បាប់នៅលើទីតាំងចំណតបេនឡាន។

លោកបន្តថា ការធ្វើនេះ គឺដើម្បីឲ្យផ្សារចំបក់ប្រែប្រួលមុខមាត់ និងរៀបចំក្រុមអាជីវកលក់ដូរឲ្យបានសមរម្យ ហើយមានចំណតរថយន្តត្រឹមត្រូវ ព្រមទាំងមានផ្លូវចេញចូលធំទូលាយ ងាយស្រួលតែប៉ុណ្ណោះ។ លោកថា ក្រុមអាជីវករភាគច្រើន បានយល់ស្របចំពោះគម្រោងនេះ មានតែ៥ ទៅ៦តូបប៉ុណ្ណោះ មិនយល់ព្រម ជាហេតុនាំឲ្យរអាក់រអួលដំណើរការសាងសង់។

លោកបន្ថែមថា មិនអាចធ្វើតាមសំណូមពរ ដោយទុកតូបឲ្យនៅនឹងមុខដដែលអុីចឹងទេ ពោលម្ចាស់តូបទាំងនោះ បានសង់លើផ្លូវសាធារណៈ ដូច្នេះត្រូវតែមានការសម្របសម្រួលទៅក្នុងទាំងអស់គ្នា ដើម្បីកុំឲ្យមានពាក្យទៅថ្ងៃក្រោយ។

ជាមួយគ្នានោះ លោក ឡោ ជំនិត តំណាងអ្នកវិនិយោគផ្សារចំបក់ថ្លែងថា គាត់ចង់ឲ្យស្រុកបាទីនេះ មានផ្សារដ៏ល្អត្រឹមត្រូវមួយ ស្របតាមស្ដង់ដា និយាយរួមគឺចង់អភិវឌ្ឍន៍ឲ្យក្លាយជាផ្សារមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធដូចនៅភ្នំពេញដែរ។

លោកបញ្ជាក់ថា ការវិនិយោគនេះ គ្រោងថវិការជាង២០មុឺនដុល្លារ អុីចឹងហើយ ទើបគាត់យកតម្លៃតែ៣០ភាគរយប៉ុណ្ណោះ នៃតម្លៃតូប ចំពោះអាជីវករដែលមានប័ណ្ណ និងមើលទៅលើទំហំនៃអាជីវកម្ម ខណៈអាជីវករខ្លះ បង់តិចតួចប៉ុណ្ណោះ ព្រោះលោកត្រូវយកថវិការទាំងនោះ ទៅផ្គត់ផ្គង់លើការរៀបចំប្រព័ន្ធទឹកភ្លើង បំពាក់កាមេរ៉ាសុវត្ថិភាព ចំណតរថយន្តស្តង់ដា និងការរៀបចំផ្សេងៗទៀត៕













0 comments:

Post a Comment

Popular Posts

Featured

Flag Counter
Powered by Blogger.

Search This Blog

Blog Archive